ការបង្កើតភាពជោគជ័យ៖ ដំណើររឿងស្ថាបនិកឆ្នើមក្នុងវិស័យកសិកម្មនៅកម្ពុជា

SHARE THIS PAGE IN YOUR NETWORK

dalis

អត្ថបទនេះបង្ហាញពីស្ថាបនិកឆ្នើមកម្ពុជា ដែលបានបង្កើតអាជីវកម្មឡើងដោយផ្ដោតលើភាពច្នៃប្រឌិត និងការបង្កើតថ្មី ក្នុងគោលបំណងជំរុញនូវការច្នៃប្រឌិតនិងជំនាញសហគ្រិនភាពក្នុងចំណោមប្រជាជនកម្ពុជា ដើម្បីអភិវឌ្ឍ

វិស័យកសិកម្ម។​

អំពី ក្រុមហ៊ុនគិរីរម្យ ហ៊្វូដ ប្រដាក់សិន (ខេ.អេហ្វ.ភី)

ផ្ដើមចេញពីគ្រួសារដែលមានដំណាំស្វាយស្រាប់ អ្នកស្រី ឈន ដាលិះ ប្រធានក្រុមហ៊ុន ខេ.អេហ្វ.ភី បានបង្កើតរោងចក្រកែច្នៃស្វាយមួយកន្លែងស្ថិតនៅទីក្រុងភ្នំពេញ​។ ក្រុមហ៊ុនរបស់អ្នកស្រីបានបង្កើតតម្លៃបន្ថែមទៅលើផ្លែស្វាយដោយកែច្នៃវាទៅជាស្វាយសម្ងួត ដែលអាចរក្សាទុករហូតទៅដល់រយៈពេលពីរឆ្នាំ។

ក្រុមហ៊ុន ខេ.អេហ្វ.ភី បានរួមចំណែកដោយផ្ទាល់ក្នុងការកាត់បន្ថយកាកសំណល់ចំណីអាហារ និងជួយដល់កសិករក្នុងស្រុក តាមរយៈការទិញផ្លែស្វាយ រហូតដល់៨០% នៃផ្លែស្វាយសរុបប្រើប្រាស់ក្នុងផលិតកម្ម។ បន្ថែមពីនេះ ក្រុមហ៊ុនមានការប្តេជ្ញាចិត្តក្នុងការពង្រីកខ្សែច្រវ៉ាក់ផលិតកម្មប្រកបដោយនិរន្តរភាព ដោយប្រើប្រាស់សំបក និងគ្រាប់ស្វាយធ្វើជាជីកំប៉ុស និងកែច្នៃទឹកឡើងវិញដើម្បីអភិរក្សធនធាន។

ការប្តេជ្ញាចិត្តចំពោះគុណភាព និងការពង្រីកទីផ្សារ

បច្ចុប្បន្ន ក្រុមហ៊ុន ខេ.អេហ្វ.ភី បាននាំចេញផលិតផលរបស់ខ្លួនទៅកាន់ទីផ្សារអន្តរជាតិចំនួន៩៥% និងលក់ក្នុងស្រុកចំនួន៥% ។ ក្រៅពីស្វាយសម្ងួត ក្រុមហ៊ុនកំពុងតែពិចារណាលើការផលិតទឹកស្វាយ ក្នុងគោលបំណងពង្រីកខ្សែច្រវ៉ាក់ផលិតកម្មរបស់ខ្លួន ដោយប្រើប្រាស់ផ្លែស្វាយដែលមានស្រាប់ និងផ្គត់ផ្គង់តម្រូវការអ្នកប្រើប្រាស់អោយកាន់តែទូលំទូលាយ។

ការយកឈ្នះលើបញ្ហាប្រឈមតាមរយៈការសិក្សាពេញមួយជីវិត និងការច្នៃប្រឌិត

អំឡុងពេលបីឆ្នាំដំបូង ក្រុមហ៊ុនបានជួបបញ្ហាប្រឈមមួយចំនួន រួមមានកង្វះជំនាញបច្ចេកទេស​​ លទ្ធភាពក្នុងការទទួលបានទីផ្សារនៅមានកម្រិត និង​មានចំនួនក្រុមការងារតិចតួច។​ ដើម្បីដោះស្រាយបញ្ហាប្រឈមនេះ ក្រុមហ៊ុនបានជ្រើសរើសនិស្សិតទើបតែបញ្ចប់ការសិក្សាដែលមានជំនាញកែច្នៃចំណីអាហារ បន្ថែមពីនេះក៏មានស្នើសុំការណែនាំពីអ្នកប្រឹក្សាយោបល់ និងដាក់លក់ផលិតផលលើគេហទំព័រទីផ្សារអនឡាញ។ លើសពីនេះ ក្រុមហ៊ុន ខេ.អេហ្វ.ភី​ បានធ្វើការកែលម្អជាបន្តបន្ទាប់នូវយុទ្ធសាស្ត្រកែច្នៃផលិតផល និងការគ្រប់គ្រងអាជីវកម្មរបស់ខ្លួន​ ដើម្បីបំពេញនូវតម្រូវការអតិថិជន និងបង្កើនចំណេះដឹងរបស់ក្រុមហ៊ុនអោយកាន់តែស៊ីជម្រៅ។​​

រង្វាន់ដែលបានមកពីការតស៊ូ និងនិរន្តរភាព

ដោយមានការគាំទ្រពីអ្នកប្រឹក្សាយោបល់ និងការកើនឡើងនៃកំណើនអតិថិជន ក្រុមហ៊ុន ខេ.អេហ្វ.ភី​ ទទួលបានភាពជោគជ័យគួរឱ្យកត់សម្គាល់ អំឡុងឆ្នាំទី៤ និងទី៥​​។ ការយកចិត្តទុកដាក់របស់ក្រុមហ៊ុនចំពោះគុណភាព និងនិរន្តរភាព បានធ្វើឱ្យក្រុមហ៊ុនប្រកួតប្រជែងជាមួយក្រុមហ៊ុនធំៗប្រកបដោយប្រសិទ្ធភាព។ ក្រុមហ៊ុនទទួលបានចំណូលពីការលក់ស្វាយសម្ងួតជាប្រចាំខែចំនួន៩០០,​០០០ដុល្លារ ស្របពេលដែលបានកាត់បន្ថយកាកសំណល់នៅក្នុងខ្សែច្រវ៉ាក់ផលិតកម្មផងដែរ។

សារទៅកាន់សហគ្រិនវ័យក្មេង

ការបង្កើតគុណតម្លៃ គឺចាំបាច់សម្រាប់អាជីវកម្មគ្រប់ប្រភេទ ប៉ុន្តែអ្វីដែលសំខាន់ជាងនេះទៅទៀតគឺការស្រាវជ្រាវឱ្យបានហ្មត់ចត់អំពីអាជីវកម្មដែលអ្នកចង់ធ្វើ ទទួលយកគំនិតច្នៃប្រឌិត និងបន្តការកែលម្អជាបន្តបន្ទាប់។ បន្ថែមពីនេះធនធានហិរញ្ញវត្ថុក៏សំខាន់ដូចគ្នា ដូច្នេះត្រូវប្រាកដថាអ្នកមានទុនបម្រុង សម្រាប់បំពេញការខាតបង់នានាដែលអាចកើតឡើង។ អ្នកស្រី ដាលិះ ណែនាំថា៖​ «ត្រូវត្រៀមខ្លួនជានិច្ចសម្រាប់ឧបសគ្គដែលអ្នកនឹងជួបប្រទះនៅពេលធ្វើអាជីវកម្ម»