ការបង្កើតភាពជោគជ័យ៖ ដំណើររឿងស្ថាបនិកឆ្នើមក្នុងវិស័យកសិកម្មនៅកម្ពុជា

SHARE THIS PAGE IN YOUR NETWORK

virak

អត្ថបទនេះបង្ហាញពីស្ថាបនិកឆ្នើមកម្ពុជា ដែលបានបង្កើតអាជីវកម្មឡើងដោយផ្ដោតលើភាពច្នៃប្រឌិត និងការបង្កើតថ្មី ក្នុងគោលបំណងជំរុញនូវការច្នៃប្រឌិតនិងជំនាញសហគ្រិនភាពក្នុងចំណោមប្រជាជនកម្ពុជា ដើម្បីអភិវឌ្ឍ

វិស័យកសិកម្ម។​

អំពីកសិដ្ឋាន គៀត ហ្វាម

លោក ប៊ុន ចាន់វីរៈ អាយុ២៨ឆ្នាំ ជាម្ចាស់កសិដ្ឋាន គៀត ហ្វាម ដែលមានទីតាំងស្ថិតនៅខេត្តកំពង់ឆ្នាំង។​ កសិដ្ឋានរបស់លោកមានទំហំសរុប ៥០ហិកតាក្នុងនោះដីចំនួន២០ហិកតា ត្រូវបានប្រើប្រាស់សម្រាប់ដាំដំណាំ និង៣០

ហិកតាទៀត សម្រាប់ការចិញ្ចឹមសត្វ។​ កសិដ្ឋាន គៀត ហ្វាម មានការប្តេជ្ញាចិត្តក្នុងការពង្រឹងសុខុមាលភាពសត្វចិញ្ចឹមរបស់ខ្លួន ខណៈពេលដែលកាត់បន្ថយផលប៉ះពាល់បរិស្ថាន ហើយក៏អាចផ្តល់អត្ថប្រយោជន៍សម្រាប់

អតិថិជន និងកសិដ្ឋានផ្ទាល់។

កសិកម្មបែបសរីរាង្គ និងការធ្វើពិពិធកម្ម

តាមរយៈការអនុវត្តកសិកម្មបែបសរីរាង្គកសិដ្ឋាន គៀត ហ្វាម ផ្ដើមចេញពីការចិញ្ចឹមសត្វចៀម១១ក្បាល និងជ្រូក០៨ក្បាល រហូតដល់បច្ចុប្បន្នមានសត្វ​ចៀមចំនួនប្រហែល១០០០ក្បាល និងជ្រូក៣០០ក្បាល។ កត្តាដែលធ្វើអោយ កសិដ្ឋាននេះខុសប្លែកពីកសិដ្ឋានដ៏ទៃទៀតគឺ ការចិញ្ចឹមជ្រូក និងចៀមតាមវាលស្មៅ ដែលអាចកត់សម្គាល់បានថាជាគំនិតមួយដែលថ្មីក្នុងប្រទេសកម្ពុជា។​​ បន្ទាប់ពីមួយរយៈកន្លងផុតទៅ កសិដ្ឋានបានបន្ថែមនូវផលិតផលរបស់ខ្លួនរួមមាន ទា មាន់ ក្រួច ទន្សាយ ដង្កូវនាង ទឹកដោះពពែ ផ្កាចេក និងដូងជាដើម។ លោក វីរៈ បានលើកឡើងថា៖ «ជាប្រចាំឆ្នាំយើងលក់ជ្រូកបានប្រហែលជា៩០០ក្បាល ហើយគោលដៅរបស់យើង គឺបង្កើនបរិមាណការលក់លើសពីមុនចំនួនបួនដង»។​

ការទទួលយកបញ្ហាប្រឈម និងការសិក្សាពេញមួយជីវិត

ករណីរបស់លោក វីរៈ បានបង្ហាញឱ្យ​ឃើញផ្ទុយពីគំនិតទូទៅដែលថា ជំនាញកសិកម្មមានសារៈសំខាន់សម្រាប់ការធ្វើកសិកម្មប្រកបដោយជោគជ័យ។ លោកតែងតែ រំឭកខ្លួនឯងជានិច្ចថា «កុំខ្លាចបរាជ័​យ តែត្រូវខ្លាចអ្វិដែលមិនបានសាកល្បង»។ ជាមួយនឹងឆន្ទៈមិនរាថយក្នុងការទទួលយកបញ្ហាប្រឈម និងផ្នត់គំនិតរៀនសូត្រឥតឈប់ឈរ គាត់បានបង្កើត និងពង្រីកកសិដ្ឋានរបស់ខ្លួនប្រកបដោយជោគជ័យ ទោះបីជាមិនមានចំណេះដឹង ឬបទពិសោធន៍ពីមុនក្នុងវិស័យកសិកម្មក៏ដោយ។​

ការចែករំលែកចំណេះដឹង និងជំរុញអោយមានមជ្ឈដ្ឋានដែលគាំទ្រការរៀនសូត្រ

លោក វីរៈ បានចូលរួមយ៉ាងសកម្មក្នុងការបង្កើតវីដេអូផ្សាយផ្ទាល់នៅលើទំព័រហ្វេសប៊ុក ដែលលោកចែករំលែកជំនាញបច្ចេកទេស និងដោះស្រាយបញ្ហាប្រឈមទូទៅដែលកសិករកំពុងជួបប្រទះ។ តាមរយៈវីដេអូទាំងនោះ លោកបានបង្ហាញពីដំណោះស្រាយជាក់ស្តែង និងជំរុញអោយមានមជ្ឈដ្ឋានដែលគាំទ្រដល់ការរៀនសូត្រ។ ការខិតខំប្រឹងប្រែងរបស់លោក បានជួយដល់បុគ្គលរាប់ពាន់នាក់ ដោយចែករំលែកចំណេះដឹងដោយផ្ទាល់ និងជួយដោយប្រយោលដល់ភាពជោគជ័យរបស់កសិកររាប់មិនអស់។​

សារទៅកាន់យុវជនជំនាន់ក្រោយ

ការមានក្តីសុបិន គឺជាមូលដ្ឋានគ្រឹះនៃភាពជោគជ័យ មិនថាជំនាញរបស់អ្នកនាពេលបច្ចុប្បន្នមានកម្រិតណានោះទេ គួរឆ្លៀតពេលស្វែងយល់ពីអ្វីដែលអ្នកស្រឡាញ់ចូលចិត្ត និងសេចក្តីប្រាថ្នារបស់អ្នក។ លោក វីរៈ មានការជឿជាក់លើសក្តានុពលគ្មានដែនកំណត់របស់បុគ្គលគ្រប់រូប និងលើកទឹកចិត្តយុវជនឱ្យជឿជាក់លើសមត្ថភាពខ្លួនឯង ដើម្បីសម្រេចក្តីសុបិនរបស់ខ្លួន។

លោក វីរៈ ណែនាំថា​ ៖ «ប្រសិនបើអ្នកមានគំនិត ត្រូវហ៊ានប្រថុយសាកធ្វើវា ត្រូវចាប់យកឱកាស និងសិក្សាពីភាពជោគជ័យ និងភាពបរាជ័យ។ ហ៊ានដើរលើផ្លូវខ្លួនឯង ជាជាងដើរតាមបទដ្ឋានដែលមានស្រាប់»។