ការបង្កើតភាពជោគជ័យ​៖ ដំណើររឿងស្ថាបនិកឆ្នើមក្នុងវិស័យកសិកម្មនៅកម្ពុជា

SHARE THIS PAGE IN YOUR NETWORK

pioneers

អត្ថបទនេះបង្ហាញពីស្ថាបនិកឆ្នើមកម្ពុជា ដែលបានបង្កើតអាជីវកម្មឡើងដោយផ្ដោតលើភាពច្នៃប្រឌិត និងការបង្កើតថ្មី ក្នុងគោលបំណងជំរុញនូវការច្នៃប្រឌិតនិងជំនាញរបស់សហគ្រិនភាពក្នុងចំណោមប្រជាជនកម្ពុជា

ដើម្បីអភិវឌ្ឍវិស័យកសិកម្ម។​

អំពី ក្រុមហ៊ុនខេមបូឌាន ស្តេនដាត ឌីវេឡុបម៉ិន និង សឹបផ្លាយ (ស៊ី អេស ឌី អេស)

អ្នកស្រី ចៅ លន់ មូលីការ ស្ថាបនិកនិងនាយកប្រតិបត្តិនៃក្រុមហ៊ុន ស៊ី អេស ឌី អេស បានបង្កើតក្រុមហ៊ុននេះឡើង​កាលពី១៤ឆ្នាំមុននៅរាជធានីភ្នំពេញ។ ចក្ខុវិស័យរបស់ក្រុមហ៊ុនគឺ «ដើម្បីក្លាយជាអ្នកដឹកនាំក្នុងការដាំដុះផលិតផលប្រកបដោយសុវត្ថិភាព និងនាំយកផលិតផលកម្ពុជាទៅទីផ្សារអន្តរជាតិ»។

ក្រុមហ៊ុន ស៊ី អេស ឌី អេស បានសហការជាមួយសហភាពចំនួន០២ និងសហគមន៍ចំនួន២០ នៅទូទាំងប្រទេស

កម្ពុជា ដោយធ្វើការដាំដុះផលិតផលចម្រុះទូទាំង២៥ខេត្តក្រុង រួមមានបន្លែ ផ្លែឈើ ត្រី និងសាច់។ អតិថិជនរបស់ក្រុមហ៊ុនរួមមាន ភោជនីយដ្ឋានចំនួន៧១ សណ្ឋាគារចំនួន១២ ​សាលារៀនចំនួន១១ ​ផ្សារទំនើបចំនួន១០​ ហាងនំប៉័ងចំនួន០៩ នាវាកម្សាន្តចំនួន០២ កន្លែងហាត់ប្រាណចំនួន០១ និងសេវាកម្មម្ហូបអាហារចំនួន០១ ។​

ការជំរុញការច្នៃប្រឌិត និងកំណើនសេដ្ឋកិច្ច

ស្របជាមួយនឹងចក្ខុវិស័យក្នុងការពង្រឹងសេដ្ឋកិច្ចកម្ពុជា ក្រុមហ៊ុន ស៊ី អេស ឌី អេស គាំទ្រកសិករក្នុងស្រុកដែលដើរតួនាទីយ៉ាងសំខាន់ក្នុងការអភិវឌ្ឍវិស័យកសិកម្ម។ ដើម្បីសម្រេចបាននូវគោលដៅនេះ ក្រុមហ៊ុនទទួលបានជំនួយរដ្ឋាភិបាល និងបរទេស បន្ថែមពីនេះគឺការស្វែងរកអ្នកវិនិយោគបរទេសយ៉ាងសកម្ម ដើម្បីពង្រីកសមត្ថភាពក្នុងការកែច្នៃផលិតផលកសិកម្មរបស់ខ្លួន និងជំរុញការអភិវឌ្ឍវិស័យកសិកម្មនៅកម្ពុជា។

ការដោះស្រាយបញ្ហាប្រឈម និងការទទួលយកបច្ចេកវិទ្យា

ដោយសារការអប់រំរបស់ក្រុមកសិករនៅមានកម្រិត និងការពឹងផ្អែកលើការអនុវត្តកសិកម្មបែបប្រពៃណី ក្រុមហ៊ុន ស៊ី អេស ឌី អេស បានធ្វើការយ៉ាងជិតស្និទ្ធជាមួយកសិករ ដើម្បីផ្តល់ចំណេះដឹងចាំបាច់ក្នុងការធ្វើកសិកម្មពេញមួយឆ្នាំ ក្រៅពីនេះក៏មានការកែលម្អស្តង់ដារអនាម័យ លើកកម្ពស់ការសម្រប​ខ្លួនទៅនឹងបម្រែបម្រួលអាកាសធាតុ និងលើកទឹកចិត្តឱ្យមានការទទួលយកបច្ចេកវិទ្យាថ្មីដែលសមស្រប។ លើសពីនេះ ក្រុមហ៊ុនកំពុងបង្កើតកម្មវិធីសម្រាប់តាមដានការប្រមូលផល និងការគ្រប់គ្រងការកែច្នៃផលិតផលកសិកម្ម ដើម្បីជួយសម្រួលដល់ការអនុវត្ត

កសិកម្ម។

ការវិនិយោគលើកសិករជំនាន់ក្រោយ

ក្រុមហ៊ុន ស៊ី អេស ឌី អេស បានផ្តល់ឪកាសអោយកូនៗកសិកររបស់ខ្លួនហ្វឹកហាត់ការងារនៅក្នុងក្រុមហ៊ុន និងលើកទឹកចិត្តគាត់ឱ្យបន្តការសិក្សាថ្នាក់ឧត្តមសិក្សា។ ជាលទ្ធផលរហូតមកដល់ពេលបច្ចុប្បន្ន យុវជនចំនួន ២០០នាក់ គឺត្រូវបានបណ្ដុះបណ្ដាល។

សារទៅកាន់សហគ្រិនវ័យក្មេង

មិនត្រូវចាត់ទុកអាជីវកម្មជាមធ្យោបាយនៃការរកប្រាក់ចំណេញរយៈពេលខ្លីនោះទេ តែត្រូវគិតថាអាជីវកម្មជាមធ្យោបាយដើម្បីបន្តក្តីស្រម័យរបស់យើង និងរួមចំណែកជួយដល់សង្គម។ ជាក់ស្តែងក្រុមហ៊ុន ស៊ី អេស ឌី អេស បានតស៊ូអស់រយៈពេលប្រាំពីរឆ្នាំ មុននឹងទទួលបាននូវប្រាក់ចំណេញ និងអាចបន្តអាជីវកម្មរហូតមកដល់បច្ចុប្បន្ន។

អ្នកស្រី មូលីកា​ ណែនាំថា៖ «ធ្វើអ្វីដែលអ្នកស្រលាញ់ ហើយកុំបោះបង់! បន្ថែមពីនេះត្រូវកំណត់តម្រូវការអតិថិជន និងតម្រង់គោលដៅរបស់អ្នកឱ្យសមស្រប។ ស្វែងយល់ពីសក្ដានុពលទីផ្សារ ដើម្បីដោះស្រាយបញ្ហាប្រឈម និងចាប់យកឱកាសឱ្យមានប្រសិទ្ធភាព។ លើសពីនេះត្រូវកត់ត្រាការខិតខំប្រឹងប្រែងរបស់អ្នកដោយយកចិត្តទុកដាក់ ទុកជាភស្តុតាងលាយលក្ខណ៍អក្សរ ដើម្បីជាជំនួយដល់ការទទួលបានការវិនិយោគ»។