អត្ថបទនេះបង្ហាញពីស្ថាបនិកឆ្នើមកម្ពុជា ដែលបានបង្កើតអាជីវកម្មឡើងដោយផ្ដោតលើភាពច្នៃប្រឌិត និងការបង្កើតថ្មី ក្នុងគោលបំណងជំរុញនូវការច្នៃប្រឌិតនិងជំនាញសហគ្រិនភាពក្នុងចំណោមប្រជាជនកម្ពុជា ដើម្បីអភិវឌ្ឍ
វិស័យកសិកម្ម។
អំពី ក្រុមហ៊ុនគិរីរម្យ ហ៊្វូដ ប្រដាក់សិន (ខេ.អេហ្វ.ភី)
ផ្ដើមចេញពីគ្រួសារដែលមានដំណាំស្វាយស្រាប់ អ្នកស្រី ឈន ដាលិះ ប្រធានក្រុមហ៊ុន ខេ.អេហ្វ.ភី បានបង្កើតរោងចក្រកែច្នៃស្វាយមួយកន្លែងស្ថិតនៅទីក្រុងភ្នំពេញ។ ក្រុមហ៊ុនរបស់អ្នកស្រីបានបង្កើតតម្លៃបន្ថែមទៅលើផ្លែស្វាយដោយកែច្នៃវាទៅជាស្វាយសម្ងួត ដែលអាចរក្សាទុករហូតទៅដល់រយៈពេលពីរឆ្នាំ។
ក្រុមហ៊ុន ខេ.អេហ្វ.ភី បានរួមចំណែកដោយផ្ទាល់ក្នុងការកាត់បន្ថយកាកសំណល់ចំណីអាហារ និងជួយដល់កសិករក្នុងស្រុក តាមរយៈការទិញផ្លែស្វាយ រហូតដល់៨០% នៃផ្លែស្វាយសរុបប្រើប្រាស់ក្នុងផលិតកម្ម។ បន្ថែមពីនេះ ក្រុមហ៊ុនមានការប្តេជ្ញាចិត្តក្នុងការពង្រីកខ្សែច្រវ៉ាក់ផលិតកម្មប្រកបដោយនិរន្តរភាព ដោយប្រើប្រាស់សំបក និងគ្រាប់ស្វាយធ្វើជាជីកំប៉ុស និងកែច្នៃទឹកឡើងវិញដើម្បីអភិរក្សធនធាន។
ការប្តេជ្ញាចិត្តចំពោះគុណភាព និងការពង្រីកទីផ្សារ
បច្ចុប្បន្ន ក្រុមហ៊ុន ខេ.អេហ្វ.ភី បាននាំចេញផលិតផលរបស់ខ្លួនទៅកាន់ទីផ្សារអន្តរជាតិចំនួន៩៥% និងលក់ក្នុងស្រុកចំនួន៥% ។ ក្រៅពីស្វាយសម្ងួត ក្រុមហ៊ុនកំពុងតែពិចារណាលើការផលិតទឹកស្វាយ ក្នុងគោលបំណងពង្រីកខ្សែច្រវ៉ាក់ផលិតកម្មរបស់ខ្លួន ដោយប្រើប្រាស់ផ្លែស្វាយដែលមានស្រាប់ និងផ្គត់ផ្គង់តម្រូវការអ្នកប្រើប្រាស់អោយកាន់តែទូលំទូលាយ។
ការយកឈ្នះលើបញ្ហាប្រឈមតាមរយៈការសិក្សាពេញមួយជីវិត និងការច្នៃប្រឌិត
អំឡុងពេលបីឆ្នាំដំបូង ក្រុមហ៊ុនបានជួបបញ្ហាប្រឈមមួយចំនួន រួមមានកង្វះជំនាញបច្ចេកទេស លទ្ធភាពក្នុងការទទួលបានទីផ្សារនៅមានកម្រិត និងមានចំនួនក្រុមការងារតិចតួច។ ដើម្បីដោះស្រាយបញ្ហាប្រឈមនេះ ក្រុមហ៊ុនបានជ្រើសរើសនិស្សិតទើបតែបញ្ចប់ការសិក្សាដែលមានជំនាញកែច្នៃចំណីអាហារ បន្ថែមពីនេះក៏មានស្នើសុំការណែនាំពីអ្នកប្រឹក្សាយោបល់ និងដាក់លក់ផលិតផលលើគេហទំព័រទីផ្សារអនឡាញ។ លើសពីនេះ ក្រុមហ៊ុន ខេ.អេហ្វ.ភី បានធ្វើការកែលម្អជាបន្តបន្ទាប់នូវយុទ្ធសាស្ត្រកែច្នៃផលិតផល និងការគ្រប់គ្រងអាជីវកម្មរបស់ខ្លួន ដើម្បីបំពេញនូវតម្រូវការអតិថិជន និងបង្កើនចំណេះដឹងរបស់ក្រុមហ៊ុនអោយកាន់តែស៊ីជម្រៅ។
រង្វាន់ដែលបានមកពីការតស៊ូ និងនិរន្តរភាព
ដោយមានការគាំទ្រពីអ្នកប្រឹក្សាយោបល់ និងការកើនឡើងនៃកំណើនអតិថិជន ក្រុមហ៊ុន ខេ.អេហ្វ.ភី ទទួលបានភាពជោគជ័យគួរឱ្យកត់សម្គាល់ អំឡុងឆ្នាំទី៤ និងទី៥។ ការយកចិត្តទុកដាក់របស់ក្រុមហ៊ុនចំពោះគុណភាព និងនិរន្តរភាព បានធ្វើឱ្យក្រុមហ៊ុនប្រកួតប្រជែងជាមួយក្រុមហ៊ុនធំៗប្រកបដោយប្រសិទ្ធភាព។ ក្រុមហ៊ុនទទួលបានចំណូលពីការលក់ស្វាយសម្ងួតជាប្រចាំខែចំនួន៩០០,០០០ដុល្លារ ស្របពេលដែលបានកាត់បន្ថយកាកសំណល់នៅក្នុងខ្សែច្រវ៉ាក់ផលិតកម្មផងដែរ។
សារទៅកាន់សហគ្រិនវ័យក្មេង
ការបង្កើតគុណតម្លៃ គឺចាំបាច់សម្រាប់អាជីវកម្មគ្រប់ប្រភេទ ប៉ុន្តែអ្វីដែលសំខាន់ជាងនេះទៅទៀតគឺការស្រាវជ្រាវឱ្យបានហ្មត់ចត់អំពីអាជីវកម្មដែលអ្នកចង់ធ្វើ ទទួលយកគំនិតច្នៃប្រឌិត និងបន្តការកែលម្អជាបន្តបន្ទាប់។ បន្ថែមពីនេះធនធានហិរញ្ញវត្ថុក៏សំខាន់ដូចគ្នា ដូច្នេះត្រូវប្រាកដថាអ្នកមានទុនបម្រុង សម្រាប់បំពេញការខាតបង់នានាដែលអាចកើតឡើង។ អ្នកស្រី ដាលិះ ណែនាំថា៖ «ត្រូវត្រៀមខ្លួនជានិច្ចសម្រាប់ឧបសគ្គដែលអ្នកនឹងជួបប្រទះនៅពេលធ្វើអាជីវកម្ម»។
